នាថ្ងៃព្រហស្បតិ៍ ២កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣, នៅសណ្ឋាគារសុខាភ្នំពេញ, ឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ(កសហវ).និងជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ(អ.គ.ហ.)តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការនៃ កសហវ. និងជាអគ្គលេខាធិការនៃ អ.គ.ហ., អមដោយឯកឧត្ដម អ៊ុ យុទ្ធី ប្រធានផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និង ត្រួតពិនិត្យនិងវាយតម្លៃ, មន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញនៃ អ.គ.ហ. បានថ្លែងសុន្ទរកថាបិទសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងរបាយការណ៍វិភាគចំណុចខ្លាំង ចំណុចខ្សោយ កាលានុវត្តភាព និងការគំរាម (SWOT) នៃរាជធានី-ខេត្ត។
អង្គសិក្ខាសាលាបានពិភាក្សាយ៉ាងផុសផុល និងផ្តល់យោបល់ សម្រាប់កែសម្រួលលើសេចក្តីព្រាងរបាយការណ៍វិភាគ SWOT នៃរាជធានី ខេត្តចំនួន ៥ រួមមាន រាជធានីភ្នំពេញ, ខេត្តព្រះសីហនុ, ខេត្តបន្ទាយមានជ័យ, ខេត្តស្វាយរៀង និង ខេត្តសៀមរាប ឱ្យបានគ្រប់ជ្រុងជ្រោយបន្ថែមទៀត។ សិក្ខាសាលានេះ មានការចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរង ដែលជាតំណាងអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត, លោក លោកស្រី ជាតំណាងអគ្គនាយកដ្ឋានគោលនយោបាយ, អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួងផែនការ និងវិទ្យាស្ថានជាតិស្ថិតិ ព្រមទាំង លោក លោកស្រីប្រធាន អនុប្រធាន និងមន្ត្រីបច្ចេកទេសនៃមន្ទីរ សហវ. ទាំង ២៥ រាជធានី ខេត្ត។